blog-thumb
សហគមន៍​ ១១​ ប្រារព្ធ​បុណ្យ​ពូជ​ ដើម្បី​ថែរក្សា​ពូជ​ដំណាំ​បន្សល់ទុក​ពី​ដូនតា

ភ្នំពេញៈ យ៉ាងហោចណាស់​សហគម​ន៍​នៅតាម​មូលដ្ឋានចំនួន​ ១១ បាន​ចូលរួម​កម្មវិធី​បុណ្យ​«​ពូជ​សាមគ្គី​» លើក​ទី​៣ ក្រោម​ប្រធានបទ «​រួមគ្នា​អភិរក្ស​ពូជ​បុរាណ​ខ្មែរ​-​ថែរក្សា​អត្តសញ្ញាណ​ជាតិ​» ដែល​រៀបចំឡើង​នៅ​ស្រុក​បរិបូណ៌ខេត្ត​កំពង់ឆ្នាំង ពីថ្ងៃ​ទី​ ២១​ ដល់​ថ្ងៃទី​ ២២​ ខែមីនា ឆ្នាំ​ ២០២៣ ដើម្បី​ដោះដូរ​ពូជ​ដែល​សហគមន៍​នីមួយៗ​បាន​ថែរក្សា​បន្ត​ពី​ដូនតា​។​

​ការរៀបចំ​កម្មវិធី​បុណ្យ​ពូជ​នេះ​ត្រូវបាន​ផ្តួចផ្តើម​ដំបូង​ដោយ​សហគមន៍​ដីធ្លី​ខេត្តសៀមរាប និង​ប្រារព្ធ​កម្មវិធី​លើក​ទី​១​នៅ​ខេត្តសៀមរាប​កាលពី​ឆ្នាំ​២០២១​។ នៅ​ឆ្នាំ​២០២២ ពិធីបុណ្យ​ពូជ​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​ខេត្តបាត់ដំបង​។

​ដោយឡែក ការ​ប្រារព្ធ​កម្មវិធី​នៅ​ឆ្នាំនេះ​ត្រូវបាន​រៀន​ចំ​ឡើង​នៅ​ស្រុក​បរិបូណ៌ខេត្ត​កំពង់ឆ្នាំង ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង​៦០០​នាក់​មកពី​សហគមន៍​ដូចជា​អ្នកស្រែ អ្នក​ផលិត​ស្បៀងអាហារ​ខ្នាតតូច អ្នកនេសាទ ជនជាតិដើម​ភាគតិច យុវជន សិល្បៈ​សហគមន៍ ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ សហគមន៍​ដីធ្លី​ពី​បណ្តា​ខេត្ត​មួយចំនួន ព្រមទាំង​សមាគម និង​អង្គការ​មួយចំនួន​ដែល​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អ្នកស្រី ហ៊ី សុ​ចាន់ អនុប្រធាន​សហគមន៍​កសិកម្ម​អញ្ចាញ​រូង​សម័យថ្មី ស្ថិតក្នុង​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង បាន​និយាយថា សហគមន៍​ចំនួន​១១​បាន​ចូលរួម​ពិធីបុណ្យ​ពូជ​នៅ​ឆ្នាំនេះ​។

តាមរយៈ​បុណ្យ​ពូជ​នេះ សហគមន៍​អាច​ចែករំលែក​គ្រាប់ពូជ​ដំណាំ​ហូប​ផ្លែ ប្រភព​ពូជ​បន្លែ​ស្លឹក ពូជស្រូវ និង​ពូជ​រុក្ខជាតិ​មួយចំនួនទៀត​ដល់​សហ​គម​ន៍​ដែល​មានបំណង​យកទៅ​ដាំ​ដុះ​នៅ​សហគមន៍​របស់ខ្លួន​។ នេះ​តាម​ការអះអាង​អ្នកស្រី ហ៊ី សុ​ចាន់ ដែល​បាន​បន្តថា ក្នុង​ពិធីបុណ្យ​នេះ សហគមន៍​ក៏បាន​រៀបចំ​ពិព័រណ៍​សហគមន៍​ដោយ​នាំយក​ផលិត​ផលតម្រូវការ​ចាំបាច់​ក្នុង​គ្រួសារ​ដើម្បី​តាំង​លក់​ដល់​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​។

​អ្នកស្រី​អះអាងថា​៖«​ខ្ញុំ​យល់ឃើញថា សហគមន៍​យើង​រួមគ្នា​ថែរក្សា​ពូជ​បុរាណ​បាន​មួយចំនួន​ដើម្បី​កុំឱ្យ​បន្ត​បាត់បង់​បន្ថែមទៀត ព្រោះ​ពូជ​ដំណាំ​និង​ពូជស្រូវ​ជាដើម​បាត់បង់​ជាច្រើន​មកហើយ​»​។

​យោងតាម​ព័ត៌មាន​ដែល​បាន​ចែកចាយ​ដល់​អ្នកសារព័ត៌មាន ការ​ប្រារព្ធ​បុណ្យ​ពូជ គឺ​ដើម្បី​លើកកម្ពស់​ពូជ​បុរាណ ស្តារឡើងវិញ​នូវ​ការផលិត​ស្បៀងអាហារ​ដែល​ប្រកបដោយ​សុខុមាលភាព និង​កាត់បន្ថយ​ការចំណាយ​ទៅលើ​ធាតុ​ចូល​នៃ​ការផលិត​ស្បៀងអាហារ​របស់​អ្នកស្រែ កសិករ​និង​អ្នក​ផលិត​ស្បៀងអាហារ​ខ្នាតតូច​នៅ​កម្ពុជា​។

​ការ​ប្រារព្ធ​បុណ្យ​ពូជ ក៏បាន​ផ្តល់នូវ​លម្ហ​ដល់​អ្នកស្រែ កសិករ​និង​អ្នក​ផលិត​ស្បៀង​ខ្នាតតូច​ផ្លាស់ប្តូរ​បទពិសោធន៍ និង​បច្ចេកទេស​ដាំ​ដុះ ការផលិត​របៀប​ជ្រើសរើស​និង​ការរក្សា​ទុក​ពូជ និង​ការកែច្នៃ​ស្បៀង​តាមបែប​ក្សេត្រ​បរិស្ថាន ឬ​តាមបែប​ធម្មជាតិ​។

​ពិធីបុណ្យ​ពូជ​មានកម្ម​វិធី​ចម្រុះ​ដូចជា​ ការផ្លាស់ប្តូរ​និង​ចែករំលែក​ពូជ​ដែល​កសិករ​រក្សាទុក កម្មវិធី​សាសនា និង​ការ​សែនព្រេន​ទៅតាម​បរិបទ​ជំនឿ​នៃ​តំបន់​នីមួយៗ ព្រឹត្តិការណ៍​សិល្បៈ ព្រមទាំង​មានការ​ចែករំលែក និង​ផ្លាស់ប្តូរ​ចំណេះដឹង​រវាង​កសិករ​ទៅ​កសិករ​ជាដើម​៕

https://www.postkhmer.com