blog-thumb
អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​បើក​វេទិកា​ពិភាក្សាការលុបបំបាត់​អំពើហិង្សា និង​ការ​បៀតបៀន​លើ​ស្ត្រី និង​ក្មេងស្រី​នៅ​កម្ពុជា​

ភ្នំពេញៈ អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ៥ រៀបចំ​វេទិកា​ស្ដ្រី​ក្រោម​ប្រធានបទ «​លុបបំបាត់​អំពើហិង្សា និង​ការ​បៀតបៀន​លើ​ស្ត្រី និង​ក្មេងស្រី​នៅ​កម្ពុជា​» ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ​២ នៅថ្ងៃទី​ ២៦ ខែមីនា​នេះ ​ដើម្បី​ទាមទារ​ឱ្យ​លុបបំបាត់​រាល់​ទម្រង់ នៃ​អំពើហិង្សា និង​ការ​បៀតបៀន​លើ​ស្ត្រី និង​ក្មេងស្រី​។​

​លោកស្រី លាវ លី​ណា មន្ត្រី​កម្ម​វិធី នៃ​អង្គការ​សកម្មភាព​សង្គម​ដើម្បី​សហគមន៍​ និង​ការអភិវឌ្ឍ បានឱ្យដឹងថា វេទិការ​នេះ​រៀបចំឡើង​ដោយ សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ សមាគម​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ អង្គការ​បណ្តាញ​ការងារ​ស្ត្រី​រួបរួមគ្នា និង​អង្គការ​សកម្មភាព​សង្គម​ដើម្បី​សហគមន៍ និង​ការអភិវឌ្ឍ សហការ​ជាមួយ បណ្ដាញ​ពហុ​វិស័យ​នៃ​អង្គការ​សកម្មភាព​ប្រជាជន​ដើម្បី​ការអភិវឌ្ឍ​។

​លោកស្រី​បន្តថា វេទិកា​នេះដែរ​ធ្វើឡើង​ក្នុង​បំណង​ទី​១ អបអរសាទរ​ទិវា​អន្តរ​ជាតិ​នារី​ខួប​លើក​ទី១១២ និង​រំឭក​ពី​វីរភាព​ស្ត្រី​ក្នុង​ការតស៊ូ​ទាមទារ​សិទ្ធិ និងសេរីភាព​សម្រាប់​ស្ត្រី​ទូទាំង​ពិភពលោក ទី​២ បង្កើត​ឱកាស ឬ​លម្ហ ក្នុងការ​ង្ហា​ញ​សំឡេង​ស្ត្រី អំពី​អំពើហិង្សា និង បៀតបៀន​លើ​ស្ត្រី និង​ក្មេងស្រី​នៅ​កម្ពុជា និង​ទី៣ ទាមទារ​ឱ្យ​លុបបំបាត់​រាល់​ទម្រង់ នៃ​អំពើហិង្សា និង​ការ​បៀតបៀន​លើ​ស្ត្រី និង​ក្មេងស្រី​ផងដែរ​។

​ លោកស្រី លាវ លី​ណា បានឱ្យដឹងថា ក្នុង​វេទិកា​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៣០០នាក់ រួមមាន​ប្រជា​សហគមន៍​មូលដ្ឋាន​មកពី​គ្រប់​វិស័យ សិស្ស និស្សិត អង្គការ​ដៃគូ រួមទាំង​មន្ត្រី​រដ្ឋាភិបាល​ផងដែរ​។​ អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​បានស្នើ​សុំ​ទៅ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​ដូចជា ស្នើសុំឱ្យ​លុបបំបាត់​អំពើហិង្សា​និង​ការ​បៀតបៀន គ្រប់​ទម្រង់​និង​រូបភាព​ទៅលើ​ស្ត្រី សកម្មជន​ដីធ្លី​ជា​ស្ត្រី និង​ក្មេងស្រី និង​សូម​បញ្ឈប់​ប្រើ​ប្រព័ន្ធតុលាការ​មកលើ​ស្ត្រី​ជា​សកម្មជន​ដីធ្លី​។

​ជាមួយគ្នា​នោះ ក៏មាន​ការស្នើ​ឱ្យ​រោងចក្រ​រៀបចំ​កន្លែង​សម្រាប់​ស្ត្រី​ហ៊ាន​និយាយ​ចេញពី​បញ្ហា​ការ​បៀតបៀន​នៅ​កន្លែង​កា​រងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្នើឱ្យ​អាជ្ញាធ​ដែនដី​ពង្រឹង​គោលនយោបាយ​ក្នុង​មូលដ្ឋាន​ពី​ស្ថានភាព​រស់នៅ​របស់កម្មករ​ឱ្យ​កាន់តែ​រឹងមាំ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ដោយមាន​សុវត្ថិ​ភាពជា​និរន្តរ៍ជាដើម​។

​លោកស្រី លាវ លី​ណា មន្ត្រី​កម្ម​វិធី នៃ​អង្គការ​សកម្មភាព​សង្គម​ដើម្បី​សហគមន៍ ​និង​ការអភិវឌ្ឍ ដែល​បាន​ដកស្រង់​សម្ដី លោក ស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​វេទិកា​នោះ​ថា ជាការ​ឆ្លើយតប​ចំពោះ​ការស្នើសុំ​ក្រសួង​បានដឹង​ពី​បញ្ហា​ទាំងនោះ និង​បាន​និង​កំពុង​ដោះស្រាយ​ជា​បន្តបន្ទាប់​បន្ថែមទៀត​។

តាម​របាយការណ៍​សង្ខេប​ពី​លទ្ធផល​នៃ​ការស្ទង់មតិ​ពី «​ស្វែងយល់​ពីបទ​ពិសោធ​ន៍​ស្ត្រី និង​ក្មេងស្រី​ពី​ការ​បៀតបៀន​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ អង្គការ​សកម្ម​ភាពសង្គម​ដើម្បី​សហគមន៍ និង​ការអភិវឌ្ឍ និង​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ ជាមួយ​ស្ត្រី និង​ក្មេងស្រី​ចំនួន​៣៧០​នាក់ បង្ហាញថា ក្នុងចំណោម​អ្នកចូលរួម ២៤១​នាក់ (៦៤.៨​ភាគរយ​) ធ្លាប់​ទទួលរង​ការ​បៀតបៀន​។ ក្នុងចំណោម​អ្នករងគ្រោះ​ពី​ការ​បៀតបៀន​នេះ​ផងដែរ ស្ត្រី និង​ក្មេងស្រី ដែល​រងគ្រោះ​ពី​ការ​បៀតបៀន ស្ត្រី​ចំនួន​១៤៩​នាក់ (៦៣.១​ភាគរយ​) ធ្លាប់​ទទួលរង​ការ​បៀតបៀន​លើសពី ៣​ដង​មុនពេល​នៃ​ការចូលរួម​ក្នុង​ការស្ទង់មតិ​។ ខេត្ត​ក្រុង​ដែល​អ្នកផ្តល់​កិច្ចសម្ភាសន៍​នេះ​មាន រាជធានី​ភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម ព្រះសីហនុ ត្បូងឃ្មុំ កំពង់ស្ពឺ បាត់ដំបង និង កំពង់ធំ​។

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​ជ​. ថ្លែង​កាលពី​ថ្ងៃទី២៣ ខែមីនា​ថា ក្នុង​ឆ្នាំ២០២២ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ជួញដូរ​មនុស្ស​បាន​១៦៦​ករណី ធៀប​នឹង​ឆ្នាំ​២០២១ មាន​៣៥៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​សាលាដំបូង​ចំនួន​២០២​នាក់ ក្នុងនោះ​ជនសង្ស័យ​ជា​ជនបរទេស​ចំនួន​៣៣​នាក់​។ លោកស្រី​បន្តថា​សមត្ថកិច្ច​បា​នស​ង្គ្រោះ​ជនរងគ្រោះ​៣៥៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៦៥​នាក់ ដោយ​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច និង​ក្រុមគ្រួសារ​។​

​ការ​ថ្លែង​របស់​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​នេះ​ធ្វើឡើង ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​ប្រារព្ធ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​៕

https://m.postkhmer.com