កសិករជាង ១ ពាន់នាក់ ចូលរួមពិធីបុណ្យពូជដំណាំបុរាណខ្មែរបំណងឲ្យថែរក្សាពូជនេះវិញ
សៀមរាបៈ ក្រុមកសិករមកពីខេត្តចំនួន ២០ បានជួបជុំគ្នានៅទីរួមស្រុកបន្ទាយស្រីខេត្តសៀមរាប ដើម្បីចូលរួមពិធីបុណ្យពូជដំណាំបុរាណខ្មែរជាលើកដំបូង ដើម្បីជំរុញឱ្យមានកសិករ ឬក្រុមហ៊ុនផ្សេងៗគិតគូរក្នុងការដាំដុះដំណាំពូជខ្មែរឱ្យបានច្រើនឡើងវិញ។ កម្មវិធីបុណ្យនេះធ្វើឡើងរយៈពេល ២ ថ្ងៃគឺពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមករា ដែលមានការចូលរួមពីកសិករជាង ១ ពាន់នាក់។
សេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២០ មករាបានបញ្ជាក់ថា ពិធីបុណ្យពូជដំណាំបុរាណខ្មែរនេះ គឺដើម្បីតាំងពិព័រណ៍ និងចែករំលែកគ្រាប់ពូជដំណាំបុរាណខ្មែររយមុខ ផលិតផលកសិករ ការចែករំលែកអំពីបទពិសោធ និងចំណេះដឹងកសិកម្មតាមបែបធម្មជាតិ កម្មវិធីសំណួរចម្លើយយករង្វាន់រួមទាំងការសម្ដែងសិល្បៈ តន្ត្រីសហគមន៍ និងធម៌ទេសនាអំពីកសិកម្មធម្មជាតិ។
សេចក្ដីប្រកាសនេះបានសរសេរថា៖ «ពិធីបុណ្យពូជដំណាំបុរាណនេះ ប្រារព្ធឡើងក្នុងគោលបំណងសិក្សា និងចែករំលែកអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាកសិករ។ ២- ធ្វើការរំឭក ស្ដារឡើងវិញ លើកកម្ពស់ និងថែរក្សាពូជដំណាំបុរាណ ឧបករណ៍កសិកម្មបុរាណ និងចំណេះដឹងកសិកម្មប្រពៃណីខ្មែរ។ ៣- ជំរុញឱ្យមានមជ្ឈមណ្ឌលអភិរក្សពូជដំណាំបុរាណខ្មែរ»។
លោក ហេង សុជាតិ ជំនាញបច្ចេកទេសបណ្ដាញពហុវិស័យបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ពិធីបុណ្យនេះគឺផ្ដួចផ្ដើមរៀបចំដោយសហគមន៍មានទំនាស់ដីធ្លីនៅខេត្តសៀមរាបដែលសហការជាមួយបណ្ដាញពហុវិស័យដែលជាបណ្ដុំសហគមន៍មូលដ្ឋាននៅទូទាំងប្រទេស ដូចជាសហគមន៍នេសាទ សហគមន៍កសិករ សហគមន៍មានទំនាស់ដីធ្លី និងសហគមន៍ការពារធនធានធម្មជាតិជាដើម។
លោកបន្តថា អ្នកចូលរួមពិធីបុណ្យនេះមានចំនួនជាង ១ ពាន់ គឺមកពីខេត្តក្រុងចំនួន ២០ លើកលែងតែខេត្តចំនួន ៥ ដូចជាមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ ហើយក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការសង្គមស៊ីវិលចំនួន ៩ ទៀតដែរ។
លោកពន្យល់ថា ការរៀបចំពិធីបុណ្យដែលមានចំណងជើងថា «ពូជបុរាណខ្មែរជាកេរមរតកជាតិ» ដោយសារបច្ចុប្បន្នពូជស្រូវ ឬពូជបន្លែខ្មែរបុរាណមួយចំនួនត្រូវបានបាត់បង់ជាបន្តបន្ទាប់ ដោយសារតែមានការកើនឡើងនូវការដាំដុះនូវប្រភេទពូជដែលត្រូវបានបង្កាត់ឡើងថ្មី។
លោកថ្លែងថា៖ «ពូជបង្កាត់ថ្មី ត្រូវការបច្ចេកទេសដាំដុះថ្មី ត្រូវដាក់ជីគីមីច្រើន ការថែទាំច្រើន ដោយធ្វើឱ្យការចំណាយលើការដាំដុះច្រើនជាង ព្រោះកសិករត្រូវការទិញជី ត្រូវការទិញពូជទាំងហ្នឹងជាដើម។ ប៉ុន្តែពូជខ្មែរបុរាណយើង វាត្រូវការជីកំប៉ុស ជីធម្មជាតិ ហើយពូជបង្កាត់ថ្មី អត់អាចប្រើជីធម្មជាតិទេ គឺត្រូវការទិញជីពីក្រុមហ៊ុន ថែមទាំងកសិផលថយចុះផង អ៊ីចឹង!ធ្វើឱ្យកសិករខាតបង់ពី ១ ឆ្នាំទៅ ១ ឆ្នាំ»។
លោកបន្ថែមថា៖ «ជាឫសគល់ដើម្បីដោះស្រាយវិបត្តិស្បៀង និងវិបត្តិបំណុលរបស់កសិករ គឺទស្សនៈរបស់កសិករទាំងហ្នឹង គឺត្រូវតែរំឭកឱ្យមានការប្រើប្រាស់ពូជបុរាណឡើងវិញ ដើម្បីឱ្យមានការប្រើប្រាស់ជីធម្មជាតិ ថ្នាំពុលសម្លាប់សត្វល្អិតតាមធម្មជាតិវិញ ប្រសើរជាងការចំណាយច្រើនទៅលើជីគីមី ដែលធ្វើឱ្យប៉ះពាល់ច្រើន ដូចជា ជីវចម្រុះ រួមមានក្ដាម ខ្យង ត្រី និងជន្លេនដែលប្រយោជន៍ធ្វើឱ្យដីមានជីជាតិ ត្រូវបាត់បង់ ហើយទឹកក៏អាចពុលបានដែរ រួមទាំងជំងឺជាច្រើនដែលកំពុងធ្វើឱ្យប៉ះពាល់សុខភាពរបស់កសិករ»។
លោក ហេង សុជាតិ បញ្ជាក់ថា ពុំទាន់មានការសិក្សាថាបច្ចុប្បន្នមានពូជបុរាណចំនួនប៉ុន្មានប្រភេទ ដែលត្រូវបាត់បង់នៅឡើយទេ ប៉ុន្តែលោកបានអះអាងថា ពូជបុរាណទាំងនោះគឺមានទាំងពូជស្រូវ និងពូជបន្លែមួយចំនួន។ លោកថា ការរៀបចំពិធីបុណ្យដំបូងនេះអាចចាត់ទុកថា គឺជាប្រវត្តិសាស្ដ្រមួយ ដោយសារកន្លងមកពុំដែលមានអង្គការណាមួយដែលមានទឹកចិត្តចង់សើរើហើយលើកទឹកចិត្តឱ្យកសិករ ងាកទៅដាំដុះប្រភេទពូជបុរាណនេះឡើងវិញនៅឡើយទេ។
អ្នកស្រី ខៀវ ឃឿម កសិករមកពីខេត្តកំពង់ធំបានលើកឡើងថា៖ «ដោយសារតែការចំណាយលើការធ្វើស្រែចម្ការមានការកើនឡើងទៅលើការទិញពូជ ជី ថ្នាំពុល ការភ្ជួររាស់ ច្រូតកាត់ និងការទិញទឹកបូមដាក់ស្រែ ហើយតម្លៃស្រូវរបស់កសិករមានការធ្លាក់ចុះបានធ្វើឱ្យកសិករជាច្រើនធ្លាក់ក្នុងបំណុល ព្រមទាំងបានបង្ខំចិត្តឈប់ធ្វើស្រែចម្ការ និងបានធ្វើចំណាកស្រុកផងដែរ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានបញ្ជាក់ថា លោកពុំបានដឹងថាមានការរៀបចំពិធីបុណ្យពូជបុរាណខ្មែរនេះទេ ដោយសារតែអ្នករៀបចំកម្មវិធីមិនបានប្រាប់លោកជាមុន។
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ការឱ្យតម្លៃចំពោះពូជបុរាណជាជាងការឱ្យតម្លៃពូជទំនើប ឬពូជបង្កាត់ គឺជាការខុសមួយ។
លោកថ្លែងបន្តទៀតថា កន្លងមកក្រសួងកសិកម្មបានដាក់ឱ្យប្រើប្រាស់ពូជស្រូវបង្កាត់ជាង ១០ ប្រភេទដែលពូជទាំងនេះ គឺជួយឱ្យកសិករអាចដាំដុះបានទិន្នផលខ្ពស់ជាងមុន។
លោកថ្លែងបន្ថែមថា ពូជស្រូវជាង ១០ នោះគឺមិនខុសពីពូជបុរាណឡើយ ដោយសារដំបូងឡើយ ពូជទាំងនោះដែលត្រូវបានកសិករយកដាំដុះយូរៗមក ក៏បានលាយឡំពូជគ្នា ហើយត្រូវក្រសួងយកមកបង្កាត់ឱ្យក្លាយទៅជាពូជសុទ្ធតែមួយឡើងវិញ។
លោកបានថ្លែងថា៖ «ពូជស្រូវដែលយើងបន្សុទ្ធនៅក្នុងប្រទេស និងបញ្ចេញឱ្យប្រើប្រាស់គឺមានជាង ១០ ពូជគឺនៅតែជាពូជបុរាណរបស់គាត់ដដែលទេ គ្រាន់តែយើងយកមកបន្សុទ្ធតើ។ ពូជទំនើបគឺមានលក្ខណៈខុសពីពូជដែលកសិករបានធ្វើខុសទី ១ គឺបានន័យថា ជាពូជដែលត្រូវបានបន្សុទ្ធដោយអត់មានលាយជាមួយពូជផ្សេង ហើយកាលណាពូជសុទ្ធ គឺទទួលបានទិន្នផលខ្ពស់»។
លោក វណ្ណហន បានថ្លែងបន្ថែមថា ពូជទំនើប ឬពូជបង្កាត់គឺមានចំនួន ៣ ប្រភេទ ទី១ ពូជដែលបង្កាត់ដោយក្រសួងកសិកម្ម ទី២ ពូជដែលបង្កាត់ដោយវិទ្យាស្ថានដំណាំស្រូវអន្តរជាតិ គឺជាពូជដែលត្រូវបានគេបន្សុទ្ធ និងដើម្បីឆ្លើយតបទៅនឹងការដាក់ជី ដែលការដាក់ជីកាន់តែច្រើន គឺទិន្នផលទទួលបានកាន់តែច្រើន និងខុសពីពូជក្នុងស្រុកដែលការដាក់ជីកាន់តែច្រើន តែទិន្នផលអាចធ្លាក់ចុះវិញ។ លោកបន្តថា ចំណែកពូជទី៣ គឺពូជបង្កាត់ hybrid ដែលជាពូជអាចទទួលទិន្នផលខ្ពស់ជាងពូជដទៃទៀតប្រហែល២ ដង៕