អង្គការ សមាគមក្រៅរដ្ឋាភិបាលបើកវេទិកាពិភាក្សាការលុបបំបាត់អំពើហិង្សា និងការបៀតបៀនលើស្ត្រី និងក្មេងស្រីនៅកម្ពុជា
ភ្នំពេញៈ អង្គការ សមាគមក្រៅរដ្ឋាភិបាលចំនួន ៥ រៀបចំវេទិកាស្ដ្រីក្រោមប្រធានបទ «លុបបំបាត់អំពើហិង្សា និងការបៀតបៀនលើស្ត្រី និងក្មេងស្រីនៅកម្ពុជា» ធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ ២ នៅថ្ងៃទី ២៦ ខែមីនានេះ ដើម្បីទាមទារឱ្យលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សា និងការបៀតបៀនលើស្ត្រី និងក្មេងស្រី។
លោកស្រី លាវ លីណា មន្ត្រីកម្មវិធី នៃអង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ បានឱ្យដឹងថា វេទិការនេះរៀបចំឡើងដោយ សមាគមមណ្ឌលព័ត៌មានកម្មករ សមាគមក្រុមតន្ត្រីយុវវ័យនាំសារ អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា និងអង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ សហការជាមួយ បណ្ដាញពហុវិស័យនៃអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍ។
លោកស្រីបន្តថា វេទិកានេះដែរធ្វើឡើងក្នុងបំណងទី១ អបអរសាទរទិវាអន្តរជាតិនារីខួបលើកទី១១២ និងរំឭកពីវីរភាពស្ត្រីក្នុងការតស៊ូទាមទារសិទ្ធិ និងសេរីភាពសម្រាប់ស្ត្រីទូទាំងពិភពលោក ទី២ បង្កើតឱកាស ឬលម្ហ ក្នុងការង្ហាញសំឡេងស្ត្រី អំពីអំពើហិង្សា និង បៀតបៀនលើស្ត្រី និងក្មេងស្រីនៅកម្ពុជា និងទី៣ ទាមទារឱ្យលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សា និងការបៀតបៀនលើស្ត្រី និងក្មេងស្រីផងដែរ។
លោកស្រី លាវ លីណា បានឱ្យដឹងថា ក្នុងវេទិកានេះមានអ្នកចូលរួមប្រមាណ ៣០០នាក់ រួមមានប្រជាសហគមន៍មូលដ្ឋានមកពីគ្រប់វិស័យ សិស្ស និស្សិត អង្គការដៃគូ រួមទាំងមន្ត្រីរដ្ឋាភិបាលផងដែរ។ អង្គការសមាគមក្រៅរដ្ឋាភិបាលបានស្នើសុំទៅមន្ត្រីរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា ស្នើសុំឱ្យលុបបំបាត់អំពើហិង្សានិងការបៀតបៀន គ្រប់ទម្រង់និងរូបភាពទៅលើស្ត្រី សកម្មជនដីធ្លីជាស្ត្រី និងក្មេងស្រី និងសូមបញ្ឈប់ប្រើប្រព័ន្ធតុលាការមកលើស្ត្រីជាសកម្មជនដីធ្លី។
ជាមួយគ្នានោះ ក៏មានការស្នើឱ្យរោងចក្ររៀបចំកន្លែងសម្រាប់ស្ត្រីហ៊ាននិយាយចេញពីបញ្ហាការបៀតបៀននៅកន្លែងការងារប្រកបដោយប្រសិទ្ធភាព និងស្នើឱ្យអាជ្ញាធដែនដីពង្រឹងគោលនយោបាយក្នុងមូលដ្ឋានពីស្ថានភាពរស់នៅរបស់កម្មករឱ្យកាន់តែរឹងមាំសម្រាប់ប្រជាពលរដ្ឋរស់នៅដោយមានសុវត្ថិភាពជានិរន្តរ៍ជាដើម។
លោកស្រី លាវ លីណា មន្ត្រីកម្មវិធី នៃអង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ ដែលបានដកស្រង់សម្ដី លោក ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងក្នុងវេទិកានោះថា ជាការឆ្លើយតបចំពោះការស្នើសុំក្រសួងបានដឹងពីបញ្ហាទាំងនោះ និងបាននិងកំពុងដោះស្រាយជាបន្តបន្ទាប់បន្ថែមទៀត។
តាមរបាយការណ៍សង្ខេបពីលទ្ធផលនៃការស្ទង់មតិពី «ស្វែងយល់ពីបទពិសោធន៍ស្ត្រី និងក្មេងស្រីពីការបៀតបៀននៅកម្ពុជា» ដែលរៀបចំដោយ អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ និងសមាគមមណ្ឌលព័ត៌មានកម្មករ ជាមួយស្ត្រី និងក្មេងស្រីចំនួន៣៧០នាក់ បង្ហាញថា ក្នុងចំណោមអ្នកចូលរួម ២៤១នាក់ (៦៤.៨ភាគរយ) ធ្លាប់ទទួលរងការបៀតបៀន។ ក្នុងចំណោមអ្នករងគ្រោះពីការបៀតបៀននេះផងដែរ ស្ត្រី និងក្មេងស្រី ដែលរងគ្រោះពីការបៀតបៀន ស្ត្រីចំនួន១៤៩នាក់ (៦៣.១ភាគរយ) ធ្លាប់ទទួលរងការបៀតបៀនលើសពី ៣ដងមុនពេលនៃការចូលរួមក្នុងការស្ទង់មតិ។ ខេត្តក្រុងដែលអ្នកផ្តល់កិច្ចសម្ភាសន៍នេះមាន រាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម ព្រះសីហនុ ត្បូងឃ្មុំ កំពង់ស្ពឺ បាត់ដំបង និង កំពង់ធំ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. ថ្លែងកាលពីថ្ងៃទី២៣ ខែមីនាថា ក្នុងឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្សបាន១៦៦ករណី ធៀបនឹងឆ្នាំ២០២១ មាន៣៥៩ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន២០២នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសចំនួន៣៣នាក់។ លោកស្រីបន្តថាសមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ៣៥៨នាក់ ក្នុងនោះស្រីចំនួន២៦៥នាក់ ដោយប្រគល់ជូនមន្ទីរសង្គមកិច្ច និងក្រុមគ្រួសារ។
ការថ្លែងរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃនេះធ្វើឡើង ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ៕