លិខិតសារព័ត៌មាន ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធ នឹងកម្មសិទ្ធិបញ្ញា
បណ្តាញសហគមន៍ និងសង្គមស៊ីវិលបារម្ភពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងលទ្ធភាពទទួលបានឱសថមានតម្លៃថោក
ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦
ទន្ទឹមនឹងជំនួបចរចារលើកទី១៥លើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចពេញលេញថ្នាក់តំបន់ (RCEP) នៅថ្ងៃទី១០-២២ ខែតុលា ឆ្នាំ២០១៦ ក្នុងទីក្រុងធៀនជិននៃសាធារណរដ្ឋប្រជាមានិតចិន បណ្តាញប្រជាជន និងសង្គម ស៊ីវិលប្រមាណជាង៨០ នៃប្រទេសជាសមាជិក RCEP បានផ្ញើលិខិតរួមមួយច្បាប់ជូនដល់ រដ្ឋាភិបាលRCEP ទាំង១៦ ជាពិសេសរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ដើម្បីបង្ហាញពីក្តីព្រួយបារម្ភអំពីការជំរុញឱ្យទទួលយកលក្ខខណ្ឌបន្ថែមនៃពាណិជ្ជកម្មពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា (TRIPS Plus) របស់ អង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងកិច្ចព្រមព្រៀង RCEP។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បណ្តាញសហគមន៍ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសកម្ពុជាចំនួន១៦ ក៏បានបានផ្ញើលិខិតរួមថ្នាក់តំបន់នេះជូនដល់ស្ថានទូតឥណ្ឌា អូស្ត្រាលី ជប៉ុន សឹង្ហបុរី និងសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជាផងដែរ ហើយនិងលិខិតមួយច្បាប់ទៀតជូនចំពោះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសុខាភិបាល ដែលជាស្ថាប័នជាតិដ៏សំខាន់ទាក់ទងនឹងពាណិជ្ជកម្មការវិនិយោគ និងវិស័យសុខាភិបាល ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង RCEP ។ ក្តីកង្វល់ និងសំណើនៅក្នុងលិខិតគឺការទទូចដល់រាជរដ្ឋា ភិបាលកម្ពុជាទទួលស្តាប់ ទទួលយក ហើយធានាដល់សិទ្ធិមនុស្សជាមូលដ្ឋានក្នុងការទទួលបានសេវាសុខភាព និងលទ្ធភាពទទួលបានឱសថមានតម្លៃទាប គុណភាព ប្រសិទ្ធិភាព គ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីព្យាបាល និងពន្យារអាយុជីវិតជំងឺឆ្លង និងមិនឆ្លងដូចជា មេរោគអេដស៍ របេង គ្រុនចាញ់ មហារីក ទឹកនោមផ្អែម បេះដូង សសៃឈាម និងជំងឺរ៉ាំរ៉ៃជាច្រើនទៀត ជាពិសេស យកសុខភាពសាធារណៈជាអាទិភាព និងចាំបាច់បំផុត នៅខណៈពេលជំរុញការវិនិយោគបរទេស និងកំណើនសេដ្ឋកិច្ច។
ជីវភាពប្រពលរដ្ឋខ្មែរជាច្រើននាក់នៅមានកម្រិត និងក្រីក្រនៅឡើយ ហើយប្រទេសកម្ពុជាទៀតសោធក៏នៅបន្តពឹងផ្អែកលើជំនួយសម្បុរសធម៌ពីបរទេសសម្រាប់ពង្រឹង និងគាំទ្រប្រព័ន្ធសុខាភិបាលទាំងផ្នែកគោលនយោបាយ ធនធានមនុស្ស និងសេវាកម្ម។ តួយ៉ាង មូលនិធិសកលប្រឆាំងមេរោគអេដស៍ របេង និងគ្រុនចាញ់ បានផ្តល់ជំនួយប្រមាណជា៥៨លានដុល្លារក្នុងមួយឆ្នាំ ដែលជាង៣៣លានដុល្លារត្រូវបានចំណាយលើកម្មវិធីព្យាបាល ថែទាំ និងគាំទ្រ។
អ្នកស្រី ចាន់ ឌីណា តំណាងបណ្តាញស្ត្រីប្រកបរបរផ្លូវភេទ និងសេវាកំសាន្តមានប្រសាសន៍ថា «ខ្ញុំ និងកូនប្រុសខ្ញុំបានទទួលថ្នាំពន្យារជីវិត៨ឆ្នាំហើយ។ វាបានជួយបន្ធូរបន្ទុកគ្រួសារដោយសារការព្យាបាលនេះមិនតម្រូវឱ្យបង់ថ្លៃក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងម្ចាស់ជំនួយ។ ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់អំពីសុខភាព អាយុជីវិត និងជីវភាព បើសិនថ្ងៃក្រោយគ្មានការគាំទ្រនេះទៀត»។
នេះគឺការព្រួយបារម្ភមួយប្រសិនបើប្រទេសក្រីក្រដូចជាកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ចេញផុតពីប្រទេសមានការអភិវឌ្បន៍តិចតួច (LDC) ទៅជាប្រទេសដែលមានចំណូលទាបមធ្យម ដែលប្រឈមនឹងការបាត់បង់ជំនួយពីមូលនិធិសកល ព្រមទាំងទទួលយកការអនុវត្តន៍លក្ខខណ្ឌបន្ថែម នៃពាណិជ្ជកម្មពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាលើផលិតផលឱសថជាប់ប្រកាសនីយប័ត្រត្តកកម្ម ឬ ប៉ាតង់ ដែលមានតម្លៃខ្ពស់លើសលប់ ដែលទាំងនេះគឺជាការគំរាមកំហែងដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ កែវ ថា ០១២ ៤៧១ ០៩៣ ឬ លី ពិសី ០១២ ៦៩៧ ៦៤១