blog-thumb
  • 03 Nov 2022
  • 32
សហគមន៍​​ចម្រុះ​​វិស័យ​​ទាម​ទារ​ឱ្យ​រដ្ឋាភិបា​ល​​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី ​នយោបាយ​ សិទ្ធិមនុស្ស​ និង​ការងារ​

វិបត្តិដីធ្លី នយោបាយ ការងារ ទីផ្សារកសិកម្ម និងសិទ្ធិចូលរួមកិច្ចការសង្គម ត្រូវបាន​ពលរដ្ឋមកពីសហគមន៍​ចម្រុះ​វិស័យ​​ ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ ដើម្បី​ឱ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គេ ទទួល​បាន​អត្ថប្រយោជន៍ ដែលត្រូវបានការពារដោយច្បាប់។

ការទាមទារនេះ ធ្វើឡើង​នៅ​ក្នុងវេទិកា​សម្តែងមតិមួយ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នាថ្ងៃ​ព្រ​ហស្បតិ៍នេះ​ ដោយមានការ​ចូលរួមពីពលរដ្ឋប្រមាណ ១ ០០០នាក់ ដែលជាសមាជិក​របស់​សន្និបាតមហាជន​ មកពី​​សហគម​ន៍​សិល្បៈ សហគម​ន៍ដីធ្លី កម្មករ​ក្នុងវិស័យកាត់ដេរ ជនជាតិ​ដើម​ភាគតិច និងអ្នកផលិតស្បៀ​ងអាហារខ្នាតតូចជាដើម មកពី២០រាជធានី-ខេត្ត។

ក្នុងវេទិកា​នោះ ពួកគេទាមទារ​ឱ្យរដ្ឋាភិបាល ដកហូតដីសម្បទានសេដ្ឋកិច្ចទាំ​ង​​ឡាយ​ណា ដែល​ប្រព្រឹត្តខុសគោលការណ៍ មក​គ្រប់គ្រងជាសម្បត្តិរដ្ឋ និងបែងចែក​ដី​ទាំង​នោះ ជូនដល់​ប្រជាជនក្រីក្រពិតប្រាកដ ព្រមទាំង​ស្នើឱ្យ​​​ពន្លឿនការ​ដោះស្រាយវិវាទដីធ្លីនៅខេត្ត​​កោះកុង សៀមរាប ព្រះសីហនុ កំពង់ឆ្នាំង និង​ឧត្តរមាន​ជ័យ ដើម្បី​ឱ្យប្រជាជនអាច​ប្រកបរបរចិញ្ចឹមជីវិតលើដីទាំងនោះ។

ក្រៅពីនេះ ពួកគេស្នើឱ្យ​រដ្ឋាភិបាល គ្រប់​គ្រង និង​ចាត់វិធានការចំពោះឈ្មួញកណ្តាល ចំពោះការកេងប្រវ័ញ្ចកសិករ និងអ្នកផលិតស្បៀង​អាហារ​ខ្នាត​តូច ដែលទម្លាក់តម្លៃកសិផល​របស់កសិករ និងអ្នកផលិតស្បៀងអាហារខ្នាតតូច និង​ឈប់​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បីគំរាមកំហែងអ្នកតវ៉ាដីធ្លី ត្រូវឈប់​លាប​ពណ៌អ្នក​មានបញ្ហា​ដីធ្លី​ថា ជាបក្សប្រឆាំង រួមទាំងត្រូវបើកសិទ្ធិឱ្យសហគមន៍អាចចូលរួមល្បាតព្រៃ​ឡើង​វិញ ដើម្បីការ​ពារធន​ធាន​ធម្មជាតិ។

ចំណែក​កម្មករក្នុងវិស័យកាត់ដេរ​វិញ ពួក​គេ​អះអាង​ថា បច្ចុប្បន្ន ថៅកែរោងចក្រខ្លះ បានបំបែកសាខាតូ​ចៗ ដើម្បីគេចចេញ​ពីការទួលខុសត្រូវចំពោះមុខច្បាប់ការ​ងារ ក្នុង​ការផ្តល់អត្ថប្រយោជន៍ជូនពួកគេ ដែលការនេះ​ ពួកគេ​ជំរុញឱ្យរដ្ឋាភិបាលធានា​អត្ថប្រយោជន៍ ដូចមានចែងក្នុង​ច្បាប់​ដែលការពារដោយរដ្ឋធម្មនុញ្ញ។

ពួកគេថា៖ «ពួកគេយើងទាំងអស់គ្នា ត្រូវការប្រជាធិបតេយ្យ និងសន្តិភាពពិតប្រាកដ។ ទាមទារឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិតប្រាកដ។ សព្វថ្ងៃឱ្យកូនឱ្យចៅទៅសង្ឃឹមអ្នកណា បើមិន​សង្ឃឹម​ម៉ែឪ​[រដ្ឋាភិបាល]មែនអត់បងប្អូន? ឈឺចាប់អត់បងប្អូន?​ ចំណែកខ្ញុំ តុលាការចាប់ទាំងម៉ែទាំងកូន ក៏​ខ្ញុំមិន​ចុះចាញ់ដែរ»។

បន្ថែមពីនេះ សន្និបាត​មហាជន បានចេ​ញ​សេចក្តីថ្លែងការណ៍រួម ដោយ​ទាមទារទៅរដ្ឋាភិបាល​​ជាង​ ៥០​ចំនុច ក្នុងនោះមា​ន​ទាំង​ទាមទារឱ្យរដ្ឋាភិបាល ត្រូវរៀបចំគោលនយោបាយជាតិ​ គាំទ្រ​កសិករ ដោយ​បង្កើនកញ្ចប់​ថវិកា​រដ្ឋ ដើម្បីលើកកម្ពស់កសិកម្ម លុប​ចោលគម្រោង​វិនិយោគ​ដែល​អាច​ប៉ះពាល់​ដល់​ការ​ទន្រ្ទាន​ដីធ្លី ឬ​បំផ្លិចបំ​ផ្លា​​ញព្រៃឈើ និងធនធានធម្មជាតិ។

ជាងនេះ​ទៅ​ទៀត សេចក្តីថ្លែងការណ៍រួម បាន​ទាមទារ​ឱ្យ​​រដ្ឋាភិបាល​ពន្លឿន​​ការចុះបញ្ជីដី​សមូហភាពសម្រាប់​សហគមន៍ជនជាតិដើម​ភាគ​តិច បញ្ឈប់​ការប្រើប្រាស់ប្រព័ន្ធតុលាការ​មក​ដាក់​សម្ពាធ និង​ប្តឹង​ប្រជាពលរដ្ឋរងគ្រោះ ផ្តល់សេរីភាពក្នុងប្រើប្រាស់សិល្បៈ​និងតន្រ្តី ក្នុង​ការចូលរួមអភិវឌ្ឍន៍ និងយុត្តិធម៌សង្គម ព្រមទាំង​ជំរុញឱ្យមានការដាក់បញ្ចូលសំឡេង​កសិករ អ្នកផលិតស្បៀងអាហារខ្នាតតូច កម្មករ និង​ប្រជាពលរដ្ឋ​មូលដ្ឋា​នទៅគ្រប់ដំណើរការ​ នៃការ​​ធ្វើគោលនយោបាយអភិវឌ្ឍន៍ ដើម្បី​ធានាថា សំឡេង​ សិទ្ធិ និងអត្ថ​ប្រយោជន៍​របស់​ប្រ​ជាជន​ជាដើម។​

VOD មិនអាចទាក់ទងប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន បានទេនៅថ្ងៃព្រ​ហស្បតិ៍​នេះ។

ប៉ុន្តែនៅក្នុងពិធីនោះ គេសង្គេតឃើញមន្ត្រីរដ្ឋាភិបាល​មកពីអន្តរ​ក្រសួង ដូចជា ក្រសួងមហាផ្ទៃ និងក្រសួងការងារផងដែរ បាន​បង្ហាញវត្តមាននៅទីនោះ​ ដែល​អ្នកសម្របសម្រួលអះអាងថា ពួកគេចាំទទួលយកញត្តិដែលជាកង្វល់របស់ប្រជាពលរដ្ឋ ដាក់ជូនក្រសួងពាក់ព័ន្ធដើម្បីពិចារណា និងឆ្លើយតប។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា​ បញ្ហាដែលពលរដ្ឋមកពី​​ចម្រុះវិស័យ​​​លើក​ឡើងនៅថ្ងៃនេះ ជាជំងឺរាំរ៉ៃ​យូរណាស់មកហើយ តែអ្វីដែលថ្មី គឺសំឡេងទាមទារនេះ ធ្វើឡើង​ចំពេ​​​ល​កិច្ចប្រជុំកំពូលអាស៊ាន ដែល​មាន​កម្ពុជា​ធ្វើជាប្រធានប្តូរវេន នឹង​ចូលមកដល់នៅសប្តាហ៍ក្រោយ​នេះ។

ប៉ុន្តែលោកថា ដំណោះស្រាយជាការងាយទេ បើរដ្ឋាភិបាលមានឆន្ទៈ​វះកាត់មន្ត្រីខិលខូច ចាប់​ពី​ថ្នាក់​ជាតិ រហូត​ថ្នាក់​ក្រោម​ជាតិ កុំឱ្យទទួលប្រយោជន៍ពីវិបត្តិទាំងនោះ។

លោកថា៖ «ដីធ្លីនៅស្រុកខ្មែរមិនទាន់អស់ទេយើងឃើញហើយ មួយរយៈនេះ រដ្ឋាភិបាលបែងចែកដីមួយចំនួនទៅឱ្យឧកញ៉ា មេប៉ូលិស មេទាហាន​ច្រើន​ណាស់ ចុះហេតុអីបានជាយើងមិនអាចចែកឱ្យប្រជាពលរដ្ឋ គ្រាន់តែបញ្ចប់បញ្ហាហ្នឹងបាន។ អានេះ វាជារឿងមួយដែលយើងក្រឡេកមើលទៅ​ វាទាក់​ទង​ផលប្រយោជន៍​ហ្នឹង​ធំណាស់​នៃ​ភាព​ស្មុគស្មាញនៃការដោះស្រាយហ្នឹង»។

យ៉ាងណា លោកបារម្ភថា បើវប្បធម៌​លាប​ពណ៌ព​លរដ្ឋ ដើម្បី​គេច​ចេញ​ពីការទទួលខុសត្រូវ នោះ​រលក​ងើប​ឡើង​ប្រឆាំង​នឹងអ​យុត្តិ​ធម៌សង្គម​ នឹងអាចងើបឡើងនៅថ្ងៃណាមួយ បើរដ្ឋាភិបាលមិនពង្រឹងនីតិរដ្ឋ ឬវះកាត់មន្ត្រីខិលខូចដែលជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍។

គម្រោងយុត្តិធម៌ពិភពលោក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២​នេះ បានចេញរបាយការណ៍ថ្មីមួ​យ​ដោយ​​​​វាយតម្លៃពីកម្ពុជា​ ថាមាន​នីតិរដ្ឋទាប​​ជិត​បាត​តារាង ដោយឈរនៅលំដាប់លេខរៀងទី១៣៩ ក្នុងចំ​ណោមប្រទេស១៤០ នៅ​លើពិភពលោក។

មូលហេតុចម្បងនៃការវាយ​តម្លៃនោះ​ បាន​សម្អាង​ថា ការ​ទាញ​ទម្លាក់កម្ពុជាក្នុងលំដាប់អាក្រក់នៃការគោរពនីតិរដ្ឋនេះ ដោយសារ​រដ្ឋសភា និងតុលាការ ដែលជាសរសរស្តម្ភរបស់ជាតិ រងឥទ្ធិពលពីស្ថាប័នអនុវត្តច្បាប់ រដ្ឋាភិបាល និងបាត់​បង់​តុល្យភាព​អំណាច​ក្នុង​ការ​តាម​ដានការអនុវត្តច្បាប់ ដែល​ជំរុញឱ្យមានអំពើពុករលួយ​ជាដើម៕

 

https://www.vodkhmer.news