សហគមន៍ ១១ ប្រារព្ធបុណ្យពូជ ដើម្បីថែរក្សាពូជដំណាំបន្សល់ទុកពីដូនតា
ភ្នំពេញៈ យ៉ាងហោចណាស់សហគមន៍នៅតាមមូលដ្ឋានចំនួន ១១ បានចូលរួមកម្មវិធីបុណ្យ«ពូជសាមគ្គី» លើកទី៣ ក្រោមប្រធានបទ «រួមគ្នាអភិរក្សពូជបុរាណខ្មែរ-ថែរក្សាអត្តសញ្ញាណជាតិ» ដែលរៀបចំឡើងនៅស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ ដើម្បីដោះដូរពូជដែលសហគមន៍នីមួយៗបានថែរក្សាបន្តពីដូនតា។
ការរៀបចំកម្មវិធីបុណ្យពូជនេះត្រូវបានផ្តួចផ្តើមដំបូងដោយសហគមន៍ដីធ្លីខេត្តសៀមរាប និងប្រារព្ធកម្មវិធីលើកទី១នៅខេត្តសៀមរាបកាលពីឆ្នាំ២០២១។ នៅឆ្នាំ២០២២ ពិធីបុណ្យពូជនេះត្រូវបានរៀបចំឡើងនៅខេត្តបាត់ដំបង។
ដោយឡែក ការប្រារព្ធកម្មវិធីនៅឆ្នាំនេះត្រូវបានរៀនចំឡើងនៅស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមប្រមាណជាង៦០០នាក់មកពីសហគមន៍ដូចជាអ្នកស្រែ អ្នកផលិតស្បៀងអាហារខ្នាតតូច អ្នកនេសាទ ជនជាតិដើមភាគតិច យុវជន សិល្បៈសហគមន៍ ពុទ្ធបរិស័ទប្រជាពលរដ្ឋក្នុងសហគមន៍ សហគមន៍ដីធ្លីពីបណ្តាខេត្តមួយចំនួន ព្រមទាំងសមាគម និងអង្គការមួយចំនួនដែលធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកស្រី ហ៊ី សុចាន់ អនុប្រធានសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ស្ថិតក្នុងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង បាននិយាយថា សហគមន៍ចំនួន១១បានចូលរួមពិធីបុណ្យពូជនៅឆ្នាំនេះ។
តាមរយៈបុណ្យពូជនេះ សហគមន៍អាចចែករំលែកគ្រាប់ពូជដំណាំហូបផ្លែ ប្រភពពូជបន្លែស្លឹក ពូជស្រូវ និងពូជរុក្ខជាតិមួយចំនួនទៀតដល់សហគមន៍ដែលមានបំណងយកទៅដាំដុះនៅសហគមន៍របស់ខ្លួន។ នេះតាមការអះអាងអ្នកស្រី ហ៊ី សុចាន់ ដែលបានបន្តថា ក្នុងពិធីបុណ្យនេះ សហគមន៍ក៏បានរៀបចំពិព័រណ៍សហគមន៍ដោយនាំយកផលិតផលតម្រូវការចាំបាច់ក្នុងគ្រួសារដើម្បីតាំងលក់ដល់អ្នកដែលចូលរួមក្នុងកម្មវិធីនេះ។
អ្នកស្រីអះអាងថា៖«ខ្ញុំយល់ឃើញថា សហគមន៍យើងរួមគ្នាថែរក្សាពូជបុរាណបានមួយចំនួនដើម្បីកុំឱ្យបន្តបាត់បង់បន្ថែមទៀត ព្រោះពូជដំណាំនិងពូជស្រូវជាដើមបាត់បង់ជាច្រើនមកហើយ»។
យោងតាមព័ត៌មានដែលបានចែកចាយដល់អ្នកសារព័ត៌មាន ការប្រារព្ធបុណ្យពូជ គឺដើម្បីលើកកម្ពស់ពូជបុរាណ ស្តារឡើងវិញនូវការផលិតស្បៀងអាហារដែលប្រកបដោយសុខុមាលភាព និងកាត់បន្ថយការចំណាយទៅលើធាតុចូលនៃការផលិតស្បៀងអាហាររបស់អ្នកស្រែ កសិករនិងអ្នកផលិតស្បៀងអាហារខ្នាតតូចនៅកម្ពុជា។
ការប្រារព្ធបុណ្យពូជ ក៏បានផ្តល់នូវលម្ហដល់អ្នកស្រែ កសិករនិងអ្នកផលិតស្បៀងខ្នាតតូចផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសដាំដុះ ការផលិតរបៀបជ្រើសរើសនិងការរក្សាទុកពូជ និងការកែច្នៃស្បៀងតាមបែបក្សេត្របរិស្ថាន ឬតាមបែបធម្មជាតិ។
ពិធីបុណ្យពូជមានកម្មវិធីចម្រុះដូចជា ការផ្លាស់ប្តូរនិងចែករំលែកពូជដែលកសិកររក្សាទុក កម្មវិធីសាសនា និងការសែនព្រេនទៅតាមបរិបទជំនឿនៃតំបន់នីមួយៗ ព្រឹត្តិការណ៍សិល្បៈ ព្រមទាំងមានការចែករំលែក និងផ្លាស់ប្តូរចំណេះដឹងរវាងកសិករទៅកសិករជាដើម៕